នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិទួលច្រេស និងភូមិថ្នល់កែងឃុំពពែត, ភូមិត្រពាំងស្បូវ ភូមិត្រពាំងចក និងភូមិតាប៉ោញ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង សរុបចំនួន៤,៤១៥ បណ្ណ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។ពិធីនេះមានការអញ្ជើញញចូលរួមពីសំណាក់ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាល អភិបាលរងស្រុកស្វាយទាប អាជ្ញាមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តលើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្ដេច មហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅស្រុកស្វាយទាបនាឱកាសនេះផងដែរ។
ឯកឧត្តមបន្តថា
ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ
និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក
និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី
និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ
ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា ដូចបានឃើញនូវពេលនេះ
ជាមួយនេះ អាជ្ញាធរពាក់ព័ន្តត្រូវបន្តខិតខំអនុវត្តការងារ
និងផ្តល់ការសហការ ដើម្បីវាស់វែងចេញប័ណ្ណឲ្យបានកាន់តែមានប្រសិទ្ធភាព
ជាពិសេសបណ្ណដែលនៅសេសសល់ ដើម្បីពន្លឿន និងចែកជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ជាចុងបញ្ចប់នៃពិធីនេះដែរ
ឯកឧត្តមបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច
នូវចំណុចសំខាន់ៗមួយចំនួនដូចជា
-ត្រូវខិតខំយកចិត្តទុកដាក់លេីការការពារសន្តិសុខសណ្តាប់ឲ្យបានល្អជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
- ត្រូវរៀបចំតុបតែងឲ្យបានស្អាតល្អនូវទីតាំងវត្តអារាមឬកន្លែងផ្សេងៗដេីម្បីបង្ករភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរយេីង។
-ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ
សង្កាត់មានសុវត្ថិភាព
- ត្រូវបង្ការ ទប់ស្កាត់
និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង
និងបទល្មើសលួច ឆក់ ប្លន់នៅមូលដ្ឋានជាដើម
-ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។